www.bbstvonline.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, November 17, 2023

ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញស្រោចស្រព​ព្រះ​សុគន្ធវារីប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់១១អង្គ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ជាឧត្តមភរិយា អញ្ជើញ​ស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាចំនួន១១អង្គ។ ពិធីនេះប្រព្រឹត្តទៅនៅវត្តមុនីសុវណ្ណ ហៅវត្ត​ចំ​ពុះ​ក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ពិធីស្រោចស្រពព្រះសុគន្ធវារី (ទឹកដ៏ក្រអូប) ប្រគេនព្រះមន្ត្រីសង្ឃជាន់​ខ្ពស់ទាំង​១១​អង្គ គឺដើម្បីប្រោសព្រំប្រសិទ្ធពរជ័យសិរីមហាប្រសើរប្រគេព្រះអង្គ បន្ទាប់ពីព្រះមហា​ក្សត្រ​ត្រាស់​បង្គាប់តែងតាំងគោរមងារដ៏ឧត្តុង្គឧត្តមជាសម្តេចព្រះសង្ឃ ព្រះរាជាគណៈ​ថ្នាក់ទោ ថ្នាក់ត្រី និងថ្នាក់ចត្វា។

ព្រះមន្ត្រីសង្ឃជាន់​ខ្ពស់ទាំង​១១​អង្គ ជាព្រះថេរៈបរិបូរណ៍ទៅដោយគុណវុឌ្ឍិដ៏ប្រពៃ​ថ្លៃ​ថ្លា ដល់ព្រមជាមួយព្រហ្មវិហារធម៌ សង្គហធម៌ និងជាព្រះថេរៈមានឧបការច្រើន ក្នុង​ការ​​អប់រំទូន្មានប្រៀនប្រដៅតាមមាគ៌ាព្រះពុទ្ធសាសនា ដល់ពុទ្ធបរិស័ទក្នុង​ព្រះរាជា​ណា​​ចក្រកម្ពុជា។ ទន្ទឹមនឹងនោះ សម្តេចព្រះសង្ឃ និងមន្ត្រីសង្ឃជាន់ខ្ពស់ទាំង​១១​អង្គ តែងតែលះបង់កម្លាំងកាយចិត្ត ក្នុងការចូលរួមកសាងសមិទ្ធផលផ្សេងៗ​ដល់​សង្គម​ជាតិ និងសាសនា។

ព្រះមន្ត្រីសង្ឃជាន់ខ្ពស់ទាំង១១អង្គ ដែលនឹងត្រូវស្រោចស្រពព្រះសុគន្ធវារីរួមមាន៖

១៖ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល (ចន្ទនត្ថេរោ) ព្រះរាជាគណៈថ្នាក់​ឯក ឧត្តមប្រឹក្សាគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការ​វត្ត​លង្កាព្រះកុសុមារាម ស្ថិតក្នុងសង្កាត់បឹងកេកង១ ខណ្ឌបឹងកេងកង រាជធានី​ភ្នំពេញ។

២៖ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម (សិរីសុវណ្ណោ) ឧត្តមទីប្រឹក្សាផ្ទាល់គណៈ​សង្ឃ​នាយក សមាជិកថេរសភានៃព្រះពុទ្ធសាសនានៅកម្ពុជា និងជាព្រះចៅអធិការ​វត្តរាជ​បូណ៌ ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

៣៖ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត (សីលសំវរោ) ព្រះអនុ​ប្រធាន​លេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រះសាកល​វិទ្យា​ធិការរងទទួលបន្ទុកដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះបា​ឡាត់​គណរាជធានីភ្នំពេញ។

៤៖ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ (ឋិតសីលប្បញ្ញោ) សមាជិកថេរសភា​នៃព្រះ​ពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះអនុប្រធានអចិន្ត្រៃយ៍ លេខា​ធិការ​ដ្ឋាន​គណៈសង្ឃនាយក ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ទទួលបន្ទុកជាព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត និងជាព្រះបាឡាត់​គណរាជ​ធានីភ្នំពេញ។

៥៖ សម្តេចព្រះមហាវិមលធម្ម មួង សទ្ធាពុទ្ទពង្ស (សញ្ជាតធម្មោ) ព្រះរាជាគណៈ​ថ្នាក់​ទោ និងជាព្រះចៅអធិការវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតក្នុងភូមិក្នុងវាំង សង្កាត់វាំងចាស់ ក្រុងឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

៦៖ ព្រះមុនីកោសល វ៉ង់ គឹមសន (សច្ចគុត្តោ) ព្រះរាជាគណៈថ្នាក់ទោ ទីប្រឹក្សាផ្ទាល់​សម្តេចព្រះមហាសុមេធាធិបតី ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណ​ខណ្ឌ​ពោធិ៍សែនជ័យ ព្រះអនុប្រធានមណ្ឌលវិបស្សនាធុរៈ និងជាព្រះចៅអធិការ​វត្ត​ជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៧៖ ព្រះពុទ្ធវង្ស សុខ សុភាព (សច្ចសីលោ) ព្រះរាជាគណៈថ្នាក់ត្រី ព្រះវិន័យធរគណ​រាជធានីភ្នំពេញ ប្រធានផ្នែកពុទ្ធិកបឋមសិក្សា និងធម្មវិន័យ ឧត្តមប្រឹក្សាផ្ទាល់​សម្តេច​ព្រះមហាសង្ឃរាជ ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី សមាជិកលេខាធិការ​ដ្ឋានគណៈសង្ឃនាយក វិន័យធរអនុគណខណ្ឌជ្រោយចង្វារ និងជាព្រះចៅអធិការ​វត្ត​វារិន្ទព្រែកលៀប ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

៨៖ ព្រះឧបាលិវង្ស កែវ សាវ៉ន (ជោតិថេរោ) ព្រះរាជាគណៈថ្នាក់ត្រី ព្រះមង្គលទិព្វលោករង្សី ព្រះមេគណខេត្តតាកែវ និងជាព្រះចៅអធិការវត្តតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

៩៖ ព្រះគម្ពីរត្ថេរ ញ៉ែត ចន្ទតារា (ឥន្ទញ្ញាណោ) ព្រះជលធីវាសី មេគណខេត្តកំពត និងជាព្រះចៅអធិការវត្តជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

១០៖ ព្រះសិរីវិសុទ្ធិ វ័ន្ត វណ្ណោ (ធម្មធរោ) ព្រះរាជាគណៈថ្នាក់ចត្វា ឧត្តមប្រឹក្សាផ្ទាល់សម្តេចព្រះសង្ឃរាជ ទីប្រឹក្សាផ្ទាល់សម្តេចព្រះសង្ឃនាយក ព្រះនាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តព្រជុំនទី (ក្រពើហា) ស្ថិតក្នុងភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

១១៖ ព្រះវិន័យសំវរ រិន សុផុន (ឥន្ទប្បញ្ញោ) ព្រះរាជាគណៈថ្នាក់ចត្វា ឧត្តមប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរអនុគណខណ្ឌកំបូល និងជាព្រះចៅអធិការវត្តធម្មវិបស្សនារាម ហៅតាភេម៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages