www.bbstvonline.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, February 21, 2025

កម្លាំងអាវុធហត្ថខេត្តកណ្តាល ចាប់ខ្លួនជនសង្ស័យ២នាក់ បំបែកសំណុំរឿងឃាតកម្មនៅក្រុងអរិយក្សត្រ


 កណ្ដាល៖ កម្លាំងអាវុធហត្ថខេត្តកណ្តាលសហការជាមួយកម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចុះស្រាវជ្រាវបំបែកសំណុំរឿងករណីឃាតកម្មនៅក្រុងអរិយក្សត្រ ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅពន្ធនាគារខេត្តកណ្ដាល ។

លោកឧត្ដមសេនីយ៍ ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញអាវុធខេត្តកណ្តាល និងអាវុធហត្ថក្រុងអរិយក្សត្រ បានសហការជាមួយអាវុធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចុះស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើសចំនួន ០២នាក់ (ស្រី០១) នៅគោលដៅពីរផ្សេងគ្នា។

លោកឧត្ដមសេនីយ៍ ត្រី សំ តុលា បានបញ្ជាក់ថា លើកទី១ ចាប់ខ្លួនជនត្រូវចោទឈ្មោះ ភក្តី ភេទស្រី អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅសង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ នៅចំណុចសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លើកទី២ ចាប់ខ្លួនជនត្រូវចោទឈ្មោះ សុខប៊ី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅសង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ នៅចំណុចសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យទាំងពីរត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅចំណុចដីស្រែប្រាំងក្រពើខ្លោច ភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រោយបំពេញនីតិវិធី ជនត្រូវចោទទាំងពីរនាក់ កម្លាំងជំនាញអាវុធហត្ថខេត្តកណ្តាល បានបញ្ជូនទៅពន្ធនាគារខេត្តកណ្តាល នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។

បច្ចុប្បន្ន កម្លាំងជំនាញអាវុធហត្ថខេត្តកណ្តាល កំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើសពាក់ព័ន្ធផ្សេងទៀត ដែលជាមេខ្លោងក្នុងអំពើឃាតកម្ម ជួញដូរគ្រឿងញៀន និងធ្វើទារុណកម្មអំពើឃោរឃៅ និងផ្តើមគំនិតក្នុងអំពើឃាតកម្ម និងជួញដូរគ្រឿងញៀន៕




No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages