www.bbstvonline.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, July 26, 2026

វិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច( I.D.E) បានប្រារព្ធពិធីអបអរសាទរប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជូនដល់និស្សិត វិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច

 


ខេត្តសៀមរាប៖ នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច( I.D.E) បានប្រារព្ធពិធីអបអរសាទរប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជូនដល់និស្សិត វិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច ចំនួន១៨៣ អង្គ/នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលខេត្តសៀមរាប។












ក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិត ណេន ចិន្តា នាយកវិទ្យាស្ថាន បានមានប្រសាសន៍ថា វិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច ជាវិទ្យាស្ថានឯកជន ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលតាមរយះអនុក្រិត្យលេខ ៥១ អនក្របក ចុះថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០០៩ ដែលមាន ៥មហាវិទ្យាល័យ មានការបណ្តុះបណ្តាលតាំងពីកម្រិត បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ។ ដោយមានកាលើកទឹកចិត្តពី សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធិសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តវិស័យឯកជនបានចូលខ្លួនយ៉ាងសកម្ម ក្នុងការបំរើសេវាកម្ម បណ្តុះបណ្តាលវិស័យធនធានមនុស្ស ចាប់ពីថ្នាក់មត្តេយ្យសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា។

បច្ចុប្បន្ននេះវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច ពង្រីកខ្លួន ដើម្បីឱ្យឆ្លើយតប ជាមួយ ស្តង់ដារជាតិ និងអន្តរជាតិ នូវកម្មវិធីទំនើបនិងទាន់សម័យ។

ឯកឧត្តមបណ្ឌិតបន្តទៀតថាជារៀងរាល់ឆ្នាំសិក្សានីមួយៗ វិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច បានផ្តល់ជូន អាហារូបករណ៍ ១០០%, ៧០%, ៥០%, ៤០% ជាច្រើនកន្លែង ជូនដល់បងប្អូន សិស្ស និស្សិត មន្ត្រីរាជការ បុគ្គលិក តាមរយៈឯកឧត្តម លោកជំទាវ អភិបាលនៃគណៈ អភិបាលខេត្ត អភិបាលនៃគណៈអភិបាលស្រុក និងអង្គភាពផ្សេងៗទៀត ទាំងនេះហើយដែលជាចំណែកមួយ យ៉ាងសកម្មក្នុងការលើកកម្ពស់ធនធានមនុស្ស និងការ កាត់បន្ថយភាពក្រីក្រ ដែលជាការចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ជាថ្មីម្តងទៀតឯកឧត្តមបណ្ឌិត បានបង្ហាញពីចំនួននិស្សិតដែលបានចុះឈ្មោះចូលរៀន និងកំពុងសិក្សានៅវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុង ឆ្នាំសិក្សា ២០២៥-២០២៦ មាន ប្រមាណជាជាង ១០៤៥អង្គ/នាក់ ស្រីចំនួន៦៤៥នាក់ ។ សាមណនិស្សិត-និស្សិត ប្រមាណជា ១៨៣អង្គ/នាក់ ស្រី៧១នាក់ ដែលបានបញ្ចប់ដោយជោគជ័យនាថ្ងៃនេះ។ នេះជាលើកទី២ហើយដែលវិទ្យាស្ថានបានរៀបចំ ពិធីប្រគល់សញ្ញាបត្រជូន សាមណនិស្សិត-និស្សិតជ័យលាភី

វិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចធ្វើការបណ្តុះបណ្តាលលើមុខជំនាញ៖ នីតិសាស្ត្រ , រដ្ឋបាលសាធារណៈ, វិទ្យាសាស្ត្រនយោបាយ, ទីផ្សារឌីជីថល, គ្រប់គ្រង, ធនាគារ និងហិរញ្ញវត្ថុ, គណនេយ្យ និងហិរញ្ញវត្ថុ, វិទ្យាសាស្ត្រកុំព្យូទ័រ, ព័ត៌មានវិទ្យា AI, អក្សរសាស្ត្រអង់គ្លេស, វិទ្យាសាស្ត្រអប់រំ, អក្សរសាស្ត្រខ្មែរ, គ្រប់គ្រងសណ្ឋាគារ ទេសចរណ៍ ។ល។

ជាកិច្ចបន្ត ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលខេត្តសៀមរាប បានមានមតិសំណេះសំណាល ដល់សាមណនិស្សិត-និស្សិត និងអង្គពិធីទាំងមូលថា បន្ទាប់ពីនិស្សិតទាំងអស់ទទួលបានសញ្ញាបត្រ នេះហើយ តើសញ្ញាបត្រនេះនឹងធ្វើឲ្យនិស្សិតទាំងអស់មានការផ្លាស់ប្ដូរអ្វីខ្លះ ចាប់ពីពេលនេះទៅគ្មានអ្នកណាសួរយើងថារៀនបាននិទ្ទេសអ្វីទៀតនោះទេ និស្សិតទាំងអស់ ត្រូវតែខំសិក្សាបន្តទៀត បន្តយក បរិញ្ញាបត្រជាន់ខ្ពស់ថ្នាក់អនុបណ្ឌិត ថ្នាក់បណ្ឌិតបន្ថែមទៀត ដូចពាក្យចាស់លោកពោលថា រៀនហើយរៀនទៀតរៀនមិនចេះចប់ ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បន្តថាបើនិស្សិតទាំងអស់បានក្លាយខ្លួនជាមន្ត្រីរាជការស៊ីវិលហើយ កុំប្រព្រឹត្តអំពើផ្ដេសផ្ដាស ធ្វើមន្ត្រីរាជការកុំយកម៉ោងពេល ធ្វើការងារ ក្នុងមួយថ្ងៃ 8 ម៉ោង ទៅធ្វើការងារដើម្បីជាប្រយោជន៍ ផ្ទាល់ខ្លួន ចូលមើលនៅក្នុងលក្ខខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងលក្ខន្តិកៈដោយឡែកមន្ត្រីរាជការក្រោមថ្នាក់ជាតិ មានចំណុចដែលត្រូវធ្វើនិងចំណុចដែលត្រូវហាម មិនត្រូវយកតួនាទី ភារកិច្ច សិទ្ធិអំណាច របស់ខ្លួនទៅគេងប្រវ័ញ្ច ដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។

ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលខេត្តសៀមរាប និងឯកឧត្តមបណ្ឌិតនាយកវិទ្យាស្ថាន និងគណៈគ្រប់គ្រងវិទ្យាស្ថាន ប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជូនដល់សាមណនិស្សិត-និស្សិត វិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីបិតបញ្ចប់កម្មវិធី។

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages