ខេត្តតាកែវ៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកព្រៃកប្បាស បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងបានរាយការណ៍មកអង្គភាពសារព័ត៌មានយើងខ្ញុំ ជុំវិញករណីមានទីតាំងលួចលាក់បើកបង្កប់ល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទ ដូចជា «ឆ្នោតឡូតូ និងមាន់ជល់តាមប្រព័ន្ធអនឡាញ» យ៉ាងអនាធិបតេយ្យ ដោយមានក្រុមអ្នកលេងចូលលេងយ៉ាងគគ្រឹកគគ្រេង ដោយមិនខ្វល់ពីគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះឡើយ។
ទីតាំងដែលប្រជាពលរដ្ឋបានចង្អុលបង្ហាញរួមមាន៖
ភូមិព្រៃល្វាខាងលិចឃុំព្រៃល្វាស្រុកកប្បាស់ខេត្តតាកែវ
ភូមិត្រពាំងធំឃុំព្រៃផ្ដៅស្រុកកប្បាស់ខេត្តតាកែវ
ភូមិអង្គសង្កែឃុំពោធិ៍រំចាកស្រុកព្រៃកប្បាសខេត្តតាកែវ
(ស្ថិតក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ)
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ក្រុមការងារសារព័ត៌មានយើងខ្ញុំបានចុះទៅដល់ទីតាំងទាំង ៣ភូមិ ជាក់ស្តែង និងបានផ្ដិតយករូបភាពទិដ្ឋភាពពិតប្រាកដដូចអ្វីដែលពលរដ្ឋបានរាយការណ៍មែន។ ភ្លាមៗនោះ ក្រុមការងារបានរាយការណ៍ជូនលោកមេប៉ុស្តិ៍ទាំង ៣ឃុំ ប៉ុន្តែលោកបានត្រឹមតែចូលមើលសារ (Seen) ដោយមិនបានឆ្លើយតបនោះឡើយ។
បន្ទាប់មក ក្រុមការងារបានបន្តធ្វើសេចក្តីរាយការណ៍ជូន លោកវីរៈសេនីយ៍ ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស តាមប្រព័ន្ធទូរស័ព្ទ ដោយលោកបានឆ្លើយតបថា «មិនអីទេ ចាំខ្ញុំឱ្យកម្លាំងចុះទៅពិនិត្យមើល»។
រឿងភ្ញាក់ផ្អើល និងការប៉ុនប៉ងសម្របសម្រួល៖
អ្វីដែលគួរឱ្យកត់សម្គាល់ បន្ទាប់ពីបានរាយការណ៍ជូនលោកអធិការរំលងបានមួយសន្ធុះ ស្រាប់តែមានបុគ្គលម្នាក់ដែលគេស្គាល់ថាជាអ្នកសារព័ត៌មាននៅអង្គភាពមួយ (សូមមិនបញ្ចេញឈ្មោះ) បានចេញមុខមកធានាអះអាង និងសម្របសម្រួលសុំកុំឱ្យមានការផ្សព្វផ្សាយ ដោយថែមទាំងពោលពាក្យ «ឱ្យយកលុយថ្លៃប្រេងសាំងទៅវិញទៅ»។ ប៉ុន្តែក្រុមការងារយើងខ្ញុំបានបដិសេធយ៉ាងដាច់ខាត ព្រោះក្រុមការងារចុះបំពេញភារកិច្ចដើម្បីរាយការណ៍ព័ត៌មានជូនសង្គមជាតិ មិនមែនដើម្បីយកប្រាក់ថ្លៃប្រេងសាំងនោះឡើយ។
មិនតែប៉ុណ្ណោះ ក៏មានបុគ្គលទី៣ ម្នាក់ទៀត បានផ្ញើសារតាមប្រព័ន្ធ Telegram មកសម្របសម្រួលបន្ថែមថា «សុទ្ធតែគ្នាយើងទេ ធ្លាប់ស្គាល់គ្នាពីមុនមក មានរឿងអីនិយាយគ្នាទៅ មិនបាច់យករូបភាពទៅផុសក្នុងគ្រុបទេ» ដែលសកម្មភាពនេះធ្វើឱ្យគេនឹកឃើញដល់ពាក្យស្លោកបុរាណថា «ឆ្នាំងមិនក្តៅ បែកជាទៅក្តៅគម្រប» ទៅវិញ។
ប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះកាលណាមានទីតាំងល្បែងស៊ីសង វាតែងតែបង្កឱ្យមានអំពើហិង្សា ចោរលួច ចោរឆក់ និងចោរប្លន់ជាដើម (ដូចពាក្យចាស់ពោលថា «ដល់ពេលគោបាត់ ទើបធ្វើរបង»)?
សេចក្តីអំពាវនាវ៖
១. សូមទទូចស្នើសុំដល់ លោក គិន ភក្តី អភិបាលស្រុកព្រៃកប្បាស មេត្តាចាត់ឱ្យមន្ត្រីជំនាញចុះត្រួតពិនិត្យ និងមើលទីតាំងលួចលាក់បើកល្បែងស៊ីសងខាងលើនេះ។
២. សូមទទូចស្នើសុំយ៉ាងខ្ពង់ខ្ពស់ដល់ឯកឧត្តមម៉ែន លី ស្នងការនគរបាលខេត្តតាកែវ
ឯកឧត្តម វី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ សូមឯកឧត្តមមេត្តាចាត់ឱ្យមន្ត្រីជំនាញក្រោមឱវាទ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងទាំង ៣ទីតាំងនេះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
បញ្ជាក់៖ អង្គភាពសារព័ត៌មានយើងខ្ញុំ ចុះផ្សាយក្នុងន័យរិះគន់ដើម្បីស្ថាបនា និងចូលរួមលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ដើម្បីឱ្យសង្គមជាតិយើងមានការរីកចម្រើន និងមានសុខសន្តិភាព។ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសម្ចាស់ទីតាំងទាំង ៣កន្លែងផ្ទាល់ រៀងរាល់ម៉ោងធ្វើការ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥ មាត្រា១០ កថាខណ្ឌទី១៕






No comments:
Post a Comment