ខេត្តកំពង់ស្ពឺ៖ បងប្អូនប្រិយមិត្តច្បាស់ជាបានដឹងហើយថាប៉ុន្មានថ្ងៃកន្លងទៅនេះមានការផ្ទុះកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក អំពីបញ្ហាការរំលោភយកចំណីផ្លូវធ្វើជាកម្មសិទ្ធិ និងធ្វើជាប្រយោជន៍រកស៊ីផ្ទាល់ខ្លួនជាហូរហែ។
ជាក់ស្ដែង កាលពីថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារអង្គភាពសារព័ត៌មានយើងបានចុះផ្តិតរូបភាពទិដ្ឋភាពការសាងសង់សំណង់មួយកន្លែងសាងសង់រំលោភចំណីផ្លូវសាធារណៈរបស់រដ្ឋយ៉ាងគឃ្លើន ស្ថិតនៅភូមិស្នួល ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ក្រុមការងារសារព័ត៌មានយើងព្យាយាមរកលេខសុំទំនាក់ទំនងពីម្ចាស់ទីតាំងខាងលើដែរដើម្បីសុំការបំភ្លឺជុំវិញករណីសាងសង់សំណង់នេះតែមិនមានលេខទំនាក់ទំនងបាននោះទេ។
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារយើងបានសុំការបំភ្លឺទៅលោកទួន ផាវ មេឃុំអមលាំង លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងថា សកម្មភាពសាងសង់សំណង់ខាងលើនេះ គឺលោកពុំបានដឹងសោះនិងមិនបានចេញលិខិត អនុញ្ញាតច្បាប់អោយនោះទេ លោកមេឃុំបានឲ្យលោកមេភូមិទៅមើលដល់ទីតាំងតែម្ដង លោកមេភូមិបានបញ្ជាក់ប្រាប់លោកមេឃុំវិញថាសាងសង់ចូលចំណីដីរដ្ឋប្រហែលជា ៤ម៉ែត្រ ហើយលោកមេឃុំក៏បានបញ្ជាក់បន្ថែមទៀតថា ការសាងសង់សំណង់នឹង មិនពាក់ព័ន្ធជាមួយសាលាឃុំនោះទេត្រូវទៅសុំច្បាប់ពីភូមិបាល ដូចហាងកាហ្វេមួយហ្នឹងអញ្ចឹងសាងសង់លោកមិនបានដឹងទេស្រាប់តែអ្នកព័ត៌មានខលសួរទៅវិញករណីហ្នឹងលោកនឹងរាយការណ៍ទៅភូមិបាល។
បន្ទាប់មកក្រុមការងារសារព័ត៌មានយើងក៏ព្យាយាមរកលេខទំនាក់ទំនងទៅ ខាង ភូមិបាលដែរតែមិនមានលេខទូរសព្ទនោះទេ។
នៅរសៀលថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៦ ដដែលក្រុមការងារសារព័ត៌មានយើងក៏បានសុំការបំភ្លឺ តាមប្រព័ន្ធតេឡេក្រាមទៅលោកចែមភឺនរីម វុទ្ធី អភិបាលស្រុកថ្ពង តាមប្រព័ន្ធតេឡេក្រាមលោកចូលមើលមួយសន្ទុះក្រោយមកលោកក៏បានខលតាមប្រព័ន្ធតេលេក្រាមបំភ្លឺប្រាប់អ្នកសារព័ត៌មានយើងដូច្នេះថា លោកអត់បានដឹងករណីហ្នឹងទេ លោកទើបទទួលបានពីប្អូនអ្នកសារព័ត៌មានបន្តិចទៀតខ្ញុំនឹងបញ្ជូនមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានចុះទៅមើលទីតាំងនិងបន្តរនីតិវីធី ធ្វើកិច្ចសន្យានៅទីតាំងខាងលើនោះ និងបានព័ត៌មានអ្វីបន្ថែមទៀតនឹងជូនប្អូន
ការទន្ទ្រានយកដីចំណីផ្លូវសាធារណៈនេះ មិនត្រឹមតែបង្កផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទង្វើផ្គើននឹងច្បាប់យ៉ាងធ្ងន់ធ្ងរ។
យោងតាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រា ៣៨..
ហាមឃាត់រាល់សកម្មភាពបង្កអន្តរាយដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបង្កើតឧបសគ្គដល់ សុវត្ថិភាពចរាចរណ៍ដូចជា៖
១- ការបំផ្លិចបំផ្លាញដោយចេតនាលើសមាសភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៖
- ការជីកគាស់ ការចោះខួង ការធ្វើឲ្យបែកបាក់ផ្លូវថ្នល់
- ការនាំចូលយានយន្ត យានូបករណ៍
- ការទន្ទ្រាន ឬការចូលត្រួតត្រា ឬការប្រើប្រាស់ដីរបស់ផ្លូវថ្នល់ និងពិសេសដីចំណីផ្លូវ
- ការកែប្រែ ឬបង្វែរផ្លូវថ្នល់ដោយគ្មានការអនុញ្ញាត
- ការសាងសង់ក្នុងដីចំណីផ្លូវ លុបគន្លងបង្ហូរទឹកសម្រួលសុវត្ថិភាពផ្លូវថ្នល់ ។
២- ការបង្កើតឧបសគ្គរារាំង ដែលនាំឲ្យរំខានដល់សុវត្ថិភាពចរាចរណ៍ ៖
- ការធ្វើផ្ទៃផ្លូវថ្នល់រអិល ស្ថិត និងការធ្វើឲ្យទ្រេត ឬដួលរលំបរិក្ខារផ្លូវថ្នល់
- ការផ្លាស់ប្តូរ ការសរសេរ ការរុះរើចល័ត ការដោះយក ឬការធ្វើឲ្យខូចប្រយោជន៍ដល់ផ្លាក សញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ របងការពារសុវត្ថិភាព បង្គោលគីឡូម៉ែត្រ សញ្ញា បង្ហាញទិស និងការបង្កើតឧបសគ្គរារាំងនៅលើផ្លូវថ្នល់
- ការចាក់គំនរកម្ទេចសំណង់ពង្រាយលើផ្លូវថ្នល់ ឬការដាក់គរសម្ភារៈវត្ថុរាយប៉ាយលើផ្លូវ ថ្នល់ជាអាទិ៍ ការបោះចោលកម្ទេចកម្ចីថ្ម អាចម៍ដី ខ្សាច់ សំរាម ទឹកកខ្វក់ កាកសំណល់ និងការហាលវត្ថុផ្សេងទៀតនៅលើផ្លូវថ្នល់ ក្នុងករណីមានកន្លែងផ្សេងទៀត សម្រាប់ ហាល ។
មាត្រា ៧៤..
ជនណាដែលទន្ទ្រាន ត្រួតត្រា ប្រើប្រាស់ ដោយសាងសង់សំណង់ ឬការ្យទាំងឡាយបំពានលើ ដីរបស់ផ្លូវថ្នល់ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០ ០០០ (មួយសែន) រៀល ទៅ ១ ០០០ ០០០ (មួយលាន) រៀល និងតម្រូវឲ្យរុះរើចេញនូវសំណង់ឬការ្យទាំងឡាយនោះ ។
ក្នុងករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយ)ខែទៅ២ (ពីរ)ឆ្នាំ និងពិន័យ ជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ៤ ០០០ ០០០ (បួនលាន)រៀល ។
ទង្វើរបស់ម្ចាស់ទីតាំងខាងលើ បានបង្ហាញយ៉ាងច្បាស់ពីការរំលោភបំពានលើបទប្បញ្ញត្តិច្បាប់ជាធរមាន ខណៈដែលចំណីផ្លូវជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ សម្រាប់បម្រើផលប្រយោជន៍រួម មិនមែនជាកម្មសិទ្ធិឯកជនរបស់បុគ្គលណាម្នាក់នោះឡើយ។
មហាជន ក៏ដូចជាអ្នកសារព័ត៌មាន ទទូចស្នើសុំដល់អាជ្ញាធរឃុំអមលាំង គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកថ្ពង ជាពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ មេត្តាចុះពិនិត្យស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ដើម្បីទប់ស្កាត់ការរំលោភបំពានដីចំណីផ្លូវរដ្ឋ ព្រមទាំងការពារសណ្ដាប់ធ្នាប់ និងទ្រព្យសម្បត្តិសាធារណៈឱ្យបានគង់វង្ស
ជាពិសេសនោះ គឺជាគំរូមួយទុកឲ្យប្រជាពលរដ្ឋដទៃទៀតឲ្យចេះគោរព ច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជានិងមិនបំពានច្បាប់រំលោភចំណីផ្លូវរបស់រដ្ឋបន្តទៀត
អង្គភាពសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺគ្រប់ក្រសួងស្ថាប័នមន្ទីរពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ពិសេសម្ចាស់ទីតាំងផ្ទាល់តែម្ដងតាមច្បាប់ស្ដីពីរបបសារព័ត៌មានឆ្នាំ១៩៩៥រៀងរាល់ម៉ោងធ្វើការ។












No comments:
Post a Comment