ពិធីបោះឆ្នោតស្ទាបស្ទង់បេក្ខជនក្រុមប្រឹក្សាសង្កាត់តាខ្មៅ អាណត្តិទី៦ ឆ្នាំ២០២៧ ប្រព្រឹត្តទៅដោយតម្លាភាព ជាមួយបេក្ខភាពឈរឈ្មោះ២៩រូប
កណ្ដាល៖ នាព្រឹកថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៧ នេះ មានការរៀបចំពិធីបោះឆ្នោតស្ទាបស្ទង់ (បោះឆ្នោតផ្ទៃក្នុង) ដើម្បីវាយតម្លៃ និងចម្រាញ់យកបេក្ខជនក្រុមប្រឹក្សាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល សម្រាប់ត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។
ព្រឹត្តិការណ៍ស្ទាបស្ទង់មតិនេះ មានការចូលរួមពីបេក្ខជនឈរឈ្មោះសរុបចំនួន ២៩រូប ដែលបានត្រៀមខ្លួនប្រកួតប្រជែងក្លាយជាតំណាងពលរដ្ឋនៅថ្នាក់មូលដ្ឋានក្រោមអធិបតីភាព ឯកឧត្តម លី វុទ្ធី គណៈពង្រឹងចុះមូលដ្ឋានគណបក្សប្រជាជនសង្កាត់តាខ្មៅ និងលោក ឃឹម សំភារ
ដំណើរការនៃការបោះឆ្នោតស្ទាបស្ទង់នេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ដើម្បីវាស់ស្ទង់កម្រិតនៃការគាំទ្រ ប្រជាប្រិយភាព និងសមត្ថភាពរបស់បេក្ខជននីមួយៗ ពីសំណាក់សមាជិក សមាជិកា និងថ្នាក់ដឹកនាំមូលដ្ឋាន មុននឹងឈានដល់ការសម្រេចរៀបចំបញ្ជីឈ្មោះផ្លូវការតាមលំដាប់លេខរៀង។ ការរៀបចំយន្តការនេះ ជាជំហានដ៏ចាំបាច់មួយក្នុងការធានាថា បេក្ខជនដែលនឹងត្រូវជ្រើសរើសតំណាងឱ្យសង្កាត់ គឺជាបុគ្គលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទទួលបានការទុកចិត្តខ្ពស់ និងមានឆន្ទៈពិតប្រាកដក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
ផ្អែកតាមការរៀបចំជាក់ស្តែង ដំណើរការបោះឆ្នោតត្រូវបានអនុវត្តប្រកបដោយតម្លាភាព សុក្រឹតភាព និងយុត្តិធម៌ ដោយមានការរៀបចំហឹបឆ្នោត បន្ទប់គូសសន្លឹកឆ្នោតសម្ងាត់ និងការរាប់សន្លឹកឆ្នោតជាចំហរ នៅចំពោះមុខអ្នកចូលរួម និងភាគីពាក់ព័ន្ធទាំងអស់។ បេក្ខភាពទាំង ២៩រូប សុទ្ធតែបានបង្ហាញពីការប្តេជ្ញាចិត្តរៀងៗខ្លួន ក្នុងការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងការលើកកម្ពស់សន្តិសុខសណ្តាប់ធ្នាប់ក្នុងភូមិសាស្រ្តសង្កាត់តាខ្មៅ។
ចំនួនបងប្អូនប្រជាពលរដ្ឋនិងក្រុមការងារគណៈកម្មាធិការមានចំនួន១៣៦៩សន្លឹកឆ្នោត លទ្ធផលដែលទទួលបានពីការបោះឆ្នោតស្ទាបស្ទង់នាថ្ងៃនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់វាយតម្លៃកម្រិតសំឡេងគាំទ្រផ្ទៃក្នុង និងជាទិន្នន័យសម្រាប់គណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់មូលដ្ឋាន ធ្វើការសម្រេចចិត្តចុងក្រោយ។
ការរៀបចំយន្តការប្រជាធិបតេយ្យផ្ទៃក្នុងតាំងពីដំណាក់កាលដំបូងនេះ បង្ហាញពីការត្រៀមលក្ខណៈបានយ៉ាងល្អប្រសើរ និងហ្មត់ចត់ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ដែលជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់នាពេលខាងមុខ។

















No comments:
Post a Comment