សូមគោរពជូន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!
តាំងនាមខ្ញុំបាទប្រធាន សមាគមសារព័ត៌មានសុក្រឹត (N.P.A) និងថ្នាក់ដឹកនាំ សមាជិក សមាជិកា តាមបណ្តា រាជធានី-ខេត្ត មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមគោរពចូលរួមជូននូវសព្ទសាធុការពរជ័យចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសដ៏មង្គលាភិរម្យថ្លៃថ្លា នៃឱកាស ខួបចម្រើនជន្មាយុគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។
ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ប្រកបដោយកត្តញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះគំរូវីរភាពដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និង គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោប្រធានព្រឹទ្ធសភា ដែលបានលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ ក្នុងនាមជាអគ្គមគ្គទេសក៍ឯក “បិតាស្ថាបនិកសន្តិភាពកម្ពុជា” ដែលបានបង្កើតនូវស្នាដៃ និងសមិទ្ធផលប្រវត្តិសាស្ត្រជាតិធំៗជាច្រើនសន្ធឹកសន្ធាប់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ប្រជាជន ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាពនយោបាយ លើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍ លើគ្រប់វិស័យ ព្រមទាំងបានកសាងនូវមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ “កម្ពុជា ឆ្នាំ២០៥០” ហើយក្នុងតួនាទីជាប្រធានព្រឹទ្ធសភា សម្តេចតេជោ បានបន្តដឹកនាំស្ថាប័នអង្គនីតិប្បញ្ញត្តិកំពូលរបស់ជាតិ ឱ្យសម្រេចបាននូវស្នាដៃ និងសមិទ្ធផលដ៏ត្រចះត្រចង់ថ្មីៗ ជាច្រើនគួរឱ្យស្ញប់ស្ញែងបំផុត។
ក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចតេជោប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់ សូមបានសមប្រកបតែនឹង ពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវភក្ដីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា
ថ្ងៃអាទិត្យ ៤រោច ខែទុតិយសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០
រាជធានីភ្នំពេញ, ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦
ហត្ថលេខា និងត្រា
ប្រធាន
នួន នី



No comments:
Post a Comment