ប្រជាពលរដ្ឋក្នុងសង្កាត់សំរោង ទឹកមុខញញឹម និងសប្បាយរីករាយជាខ្លាំង ក្រោយទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ នេះ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានបង្ហាញនូវទឹកមុខញញឹមសប្បាយរីករាយ និងក្តីរំភើបយ៉ាងក្រៃលែង បន្ទាប់ពីទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ស្របច្បាប់ ដែលជាការផ្តល់នូវភាពកក់ក្តៅ និងការធានាសិទ្ធិកាន់កាប់ដីធ្លីពេញលេញ។
ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ក្រោមកិច្ចសហការរវាង រដ្ឋបាលខណ្ឌព្រែកព្នៅ និង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និង លោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូប
យោងតាមរបាយការណ៍ក្នុងអង្គពិធី វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលត្រូវបាននាំយកមកចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋនាឱកាសនេះ មានចំនួនសរុប ១,៧១៤ ក្បាលដី ដែលជាដីធ្លីរបស់ប្រជាពលរដ្ឋស្ថិតនៅក្នុង ភូមិសំរោងកណ្តាល និង ភូមិសំរោងត្បូង ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ
ការទទួលបានប័ណ្ណកម្មសិទ្ធិជាផ្លូវការនៅថ្ងៃនេះ មិនត្រឹមតែជាការបញ្ចប់នូវភាពមិនច្បាស់លាស់លើការកាន់កាប់ដីធ្លីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់ឯកសារស្របច្បាប់នេះ ជាទុនសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើងថែមទៀតផង
ទិដ្ឋភាពក្នុងពិធីទាំងមូលពោរពេញទៅដោយបរិយាកាសស្និទ្ធស្នាល និងស្នាមញញឹម ដោយប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ និងពន្លឿនការចុះបញ្ជីដីធ្លីជូនពួកគាត់បានយ៉ាងជោគជ័យ៕




















No comments:
Post a Comment